ប្រជាសហគមន៍បឹងកក់ប្រមាណ១០នាក់ ដែលដឹកនាំដោយអ្នកស្រីទេព វន្នី នៅព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោងជាង១០ព្រឹកនេះ ចាប់ផ្តើមយុទ្ធនាការដាក់លិខិតទៅស្ថានទូតមួយចំនួន ដើម្បីអញ្ជើញទៅចូលរួមកម្មវិធីទិវាសិទ្ធិនារី ៨មីនា ដែលពួកគេ នឹងប្រារព្ធនៅតំបន់បឹងកក់។
ស្ថានទូតដែលប្រជាសហគមន៍ដាក់លិខិតនោះ រួមមាន ស្ថានទូតអាមេរិក អង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប ធនាគារពិភពលោក និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រីទេព វន្នី ឲ្យដឹងថា ប្រជាសហគមន៍ សម្រេចមិនអញ្ជើញស្ថានទូតប្រទេសចិន និងវៀតណាម ដោយសារ ប្រទេសទាំងពីរនោះ ជាប្រទេសកុម្មុយនីស្ត។
កាលពីថ្ងៃពុធ អ្នកបឹងកក់ បានចំណាយពេលពេញមួយព្រឹក ដើម្បីដាក់លិខិតអញ្ជើញតំណាងគណបក្សនយោបាយពីរគឺ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌដូនពេញ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងសង្គមស៊ីវិលផ្សេងទៀត ឲ្យចូលរួមការប្រារព្ធទិវាសិទ្ធិនារី ៨មីនា ដែលគ្រោងនឹងធ្វើឡើងនៅតំបន់បឹងកក់ ផ្ទះអ្នកស្រី ទេព វន្នី។តែប្រជាសហគមន៍បឹងកក់ បានខកចិត្តនឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមិនទទួលយកលិខិតអញ្ជើញរបស់ពួកគេ៕
អ្នកបឹងកក់ បើកយុទ្ធនាការដាក់លិខិតទៅស្ថានទូតនានា អញ្ជើញចូលរួមការប្រារព្ធទិវាសិទ្ធិនារី
ប្រភព និង អត្ថបទ ដោយ : ណាត សុភាព (VOD)

