ប្រជាសហគមន៍ស្ត្រីមានជម្លោះដីធ្លីនៅតំបន់បឹងកក់ នៅព្រឹកថ្ងៃចន្ទនេះ បើកយុទ្ធនាការធ្វើពិធីបួងសួង និងដាក់បណ្តាសាទៅលើមន្ត្រីរដ្ឋាភិបាល ដើម្បីឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង២១នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
គម្រោងរបស់ប្រជាសហគមន៍ គឺធ្វើឡើងនៅខាងមុខតុលាការកំពូល តែត្រូវផ្លាស់ប្តូរការជួបជុំនៅខាងមុខវត្តឧណ្ណាឡោមវិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ពង្រាយនៅទីនោះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ នៅសាលចតុមុខ។
ប្រជាសហគមន៍បឹងកក់ កញ្ញា សុង ស្រីលាភ មានប្រសាសន៍ថា នៅខាងមុខតុលាការកំពូល ត្រូវបានដាក់កម្លាំងសមត្ថកិច្ច ដែលពួកគាត់មិនអាចចូលទៅធ្វើពិធីបាន តែពួកគាត់នៅតែជួបជុំគ្នានៅមុខវត្តឧណ្ណាឡោមវិញ។
កាលពីថ្ងៃអាទិត្យ សកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ប្រាប់VODថា ក្រុមអ្នកស្រីនឹងធ្វើពិធីហែក្បួនទៅកាន់តុលាការកំពូល ដែលមានអ្នកសម្តែងតួធ្វើជាលោកតាដំបងដែក ដើម្បីដាក់ ទណ្ឌកម្មទៅលើមន្ត្រីមួយចំនួន ដែលពុករលួយកាត់ក្តីដោយលម្អៀង និងអយុត្តិធម៌ នាពេលកន្លង មក។ អ្នកស្រីបន្តថា ក្រៅពីការដាក់បណ្តាសា ពួកគេ នឹងធ្វើពិធីជូនពរ ទៅដល់មន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីតុលាការណា ដែលបានធ្វើការបម្រើជាតិដោយឆន្ទៈពិតស្មោះត្រង់ និងកាត់ក្តី ដោយភាពសុក្រឹត យុត្តិធម៌ផងដែរ។
អ្នកស្រីទេព វន្នី ឲ្យដឹងថា ក្រៅពីសហគមន៍បឹងកក់ មាន ក្រុមព្រះសង្ឃឯករាជ្យ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកបុរីកីឡា ថ្មគោល និងសហជីពផ្សេងៗទៀតជាដើម៕
សហគមន៍បឹងកក់ បើកយុទ្ធនាការបួងសួងដាក់បណ្តាសារមន្ត្រីពុករលួយ
ប្រភព និង អត្ថបទ ដោយ : កាន់ វិច្ឆិកា (VOD)

