មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទនេះ នឹងបន្តកិច្ចចរចាពីការកំណត់អាណត្តិ តួនាទី ភារកិច្ច និង ផែនការសកម្មភាព របស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត។
សមាសភាពគណៈកម្មការកែទម្រង់ការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ និងសមាជិករួមមាន លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នីវណ្ណ និងលោក ហូរ វ៉ាន់។
ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រុំ សុខា ចំណែកបេក្ខភាពគណៈកម្មការរួមមាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងអ្នកស្រី គ្រួច សំអាន។
ក្នុងយុទ្ធនាការទាមទារតុលាការ ដោះលែងអ្នកជាប់ឃុំ២១នាក់ របស់សកម្មជនដីធ្លី និងព្រះសង្ឃ កាលពីសប្តាហ៍មុន ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងសារនយោបាយ ជំរុញឲ្យដោះលែងអ្នកដែលកំពុងឃុំខ្លួននោះ ដោយអះអាងថា ជាការបង្កើនបរិយាកាសល្អ ខណៈគណបក្សទាំងពីរកំពុងវិលទៅកាន់តុចរចា។
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានព្រមានតបតនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ដើម្បីជាការបង្ហាញសិទ្ធិ និងឆន្ទៈរាស្ត្រ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
មុននេះប៉ុន្មានថ្ងៃ គណបក្សសង្គ្រោះជាតិ បានស្នើជួបជាមួយគណបក្សប្រជាជនកម្ពុជា បន្តកិច្ចចរចា នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ដោយភ្ជាប់ជាមួយសមាសភាពគណៈកម្មការចម្រុះ ៦រូប តែសំណើនេះ មិនត្រូវបានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ឆ្លើយតបភា្លមៗឡើយ៕
CPP និង CNRP ជួបគ្នាបន្តកិច្ចចរចានៅព្រឹកថ្ងៃចន្ទនេះ
ប្រភព និង អត្ថបទ ដោយ : ស៊ុន ណារិន (VOD)

