ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក(WHO) រកឃើញករណី១ ថ្មីបន្ថែមនៃជំងឺផ្តាសាយបក្សី(H5N1) កើតឡើង នៅខេត្តកំពត ដែលបណ្តាលឲ្យកុមារីម្នាក់ស្លាប់ ដែលនេះជាករណីទី៩ ហើយសម្រាប់ឆ្នាំ២០១៤។សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ ឲ្យដឹងថា ករណីទី៩នេះ កើតលើកុមារីម្នាក់ អាយុ២ឆ្នាំ ដែលរស់នៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដែលកុមារីនេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៤ខែមីនា ថាមានជំងឺផ្តាសាយបក្សី។ សេចក្តីប្រកាសព័ត៌មានបន្តថា បច្ចុប្បន្ន កុមារីរូបនេះ បានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៤ ខែមីនា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ក្នុងសេចក្តី ប្រកាសព័ត៌មានថា ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាអ្នកមានភាពរងគ្រោះច្រើន និងមានហានិភ័យខ្ពស់។ លោកបានរំលឹកឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ និងព្យាយាមឲ្យកុមារ លេងឲ្យឆ្ងាយពីសត្វមាន់ និងទាទាំងអស់នោះ។
ករណីផ្តាសាយបក្សីនេះ ជាករណីទី៩ នៅក្នុងឆ្នាំ២០១៤ និងជាករណីទី៥៦ហើយ នៃជំងឺផ្តាសាយបក្សីនៅប្រទេសកម្ពុជា ក្នុងនោះ ៤៤ករណី កើតឡើងលើកុមារ អាយុក្រោម១៤ឆ្នាំ និង៣០ករណីក្នុងចំណោម៥៦ករណី កើតលើនារី។ ១៩ករណីក្នុងចំណោម៥៦ករណី អ្នកជំងឺនៅមានជីវិត ចាប់តាំងពីជំងឺនេះ បានកើតមាននៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៥៕
ប្រភព និង អត្ថបទ ដោយ : ពេជ្រ សុធារី (VOD)

