គណបក្សប្រជាជនកម្ពុជា(CPP) ដាក់បេក្ខភាពឈរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្តក្រុង ស្រុកខណ្ឌអាណត្តិទី២ច្រើនជាងគេ ក្នុងរយៈបីថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមទទួលពាក្យ។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃទី៣ ខែមិនា បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី១ ខែមិនា គណបក្សបួនដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ គឺគណបក្សប្រជាជនកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនបានច្រើនជាងគេ។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនបានចំនួន២៥មណ្ឌលរាជធានីខេត្ត និង ១៩៧មណ្ឌលក្រុងស្រុកខណ្ឌ គណបក្សសង្គ្រោះជាតិដាក់បាន១៥មណ្ឌលរាជធានីខេត្តនិង ១១៨មណ្ឌលក្រុងស្រុកខណ្ឌ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បាន៣មណ្ឌលក្រុងស្រុកខណ្ឌ ចំណែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដាក់បាន១មណ្ឌលក្រុងស្រុកខណ្ឌ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយ និង បេក្ខជនឈរឈ្មោះពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៤៕
CPP ដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌច្រើនជាងគេគិតត្រឹម៣ថ្ងៃដំបូង
ប្រភព និង អត្ថបទ ដោយ : ពៅ មេត្តា (VOD)

