កំពង់ចាម ៖ សិស្សវិទ្យាល័យ ហ៊ុន សែន ពាមជីកង ចំនួន២៣នាក់ បានដួលសន្លប់
បន្តបន្ទាប់ កាលពីថ្ងៃទី១០ និង១១ខែមិថុនា ឆ្នាំ២០១៤ ខណៈដែលពួកគេ កំពុងអង្គុយ សិក្សា ក្នុងថ្នាក់រៀន នៃវិទ្យាល័យហ៊ុន សែន ពាមជីកង ក្នុងឃុំ ពាមជីកង ស្រុកកងមាស
ខេត្តកំពង់ចាម ។
អភិបាលស្រុក កងមាស លោក មឿន ផា
បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ ពោលគឺនៅព្រឹកថ្ងៃទី១០
មានសិស្សវិទ្យាល័យ ហ៊ុនសែន ពាមជីកង បានមានអាការៈ ថប់ដង្ហើម
ដួលសន្លប់ ចំនួន៥នាក់ លុះនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ខណៈពួកគេកំពុង
អង្គុយសិសក្សាដូចគ្នា ក៏ស្រាប់តែ មានសិស្សស្រី២នាក់ មានអាការៈថប់ដង្ហើម
និងដួលសន្លប់ ហើយពេលនោះ សិស្សផ្សេងទៀត បានឃើញដូច្នោះ ក៏ចាប់ផ្តើមដួលសន្លប់ តៗគ្នារហូតដល់ទៅ១៨នាក់ទៀត ។
លោក អភិបាលស្រុក កងមាស បានបន្តថា
ក្នុងហេតុការណ៍សិស្សដួលសន្លប់នោះ មិនទាន់ដឹងថា មកពីមូល ហេតុអ្វីនោះទេ ។
ហើយសិស្សដែលដួលសន្លប់ ត្រូវបានក្រុមអាជ្ញាធរ បានដឹកយកទៅសង្គ្រោះ
នៅមន្ទីរពេទ្យបង្អែក ស្រុកព្រៃឈរ ។លោកអភិបាលស្រុក កងមាស បានបញ្ជាក់ថាក្នុង ហេតុការណ៍នោះ មិនមានអ្នកគ្រោះថ្នាក់ បាត់បង់អាយុជីវិតនោះទេ
ហើយសាលាត្រូវបានផ្អាកការ បង្រៀន ដើម្បីទុកពេលឲ្យមន្ត្រីថ្នាក់ខេត្ត ចុះពិនិត្យរកមូលហេតុ ។
លោកអភិបាលស្រុក កងមាស បន្តទៀតថាក្រោយហេតុការណ៍ភ្លាមៗ ខាងសមត្ថកិច្ច និងអាជ្ញាធរ ស្រុកកងមាស
បានរាយការណ៍ជូនលោក អភិបាលខេត្តកំពង់ចាម ដើម្បីមានវិធានក្នុងការ
ស្រាវជ្រាវរកមូលហេតុ នៃការដួលសន្លប់នោះផងដែរ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងដែរថា ក្នុងការចុះស្រាវជ្រាវរកមូលហេតុ
និងប្រតិបត្តការជួយ សង្គ្រោះ ដល់កន្លែងកើតហេតុ គេឃើញមានមន្ត្រី
នៃមន្ទីរសុខភិបាល ខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក
និងមានរថយន្តសាមុយ ចំនួន៣គ្រឿង សម្រាប់ត្រៀមដឹកជួយ សង្គ្រោះសិស្សផងដែរ។
យ៉ាងណាក៏ដោយ មកដល់ម៉ោង១២ថ្ងៃត្រង់នេះ
គេនៅមិនទាន់ ដឹងអំពីមូលហេតុនៃការដួល សន្លប់របស់សិស្សទាំងអស់នោះទេ ៕




