សមត្ថកិច្ចនៅខេត្តសៀមរាប ចុះបង្ក្រាបកន្លែងលក់ថ្នាំជក់ “ស៊ីសា” ច្រើនកន្លែងកាលពីយប់មិញ បន្ទាប់ពីក្រសួងមហាផ្ទៃបញ្ជាឲ្យបិទអាជីវកម្មទាំងនោះ ដោយចាត់ទុកថា “ស៊ីសា” ជាប្រភេទគ្រឿងញៀន។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា សមត្ថកិច្ចសៀមរាប បានចុះបង្ក្រាបទីកន្លែងចែកចាយថ្នាំជក់ “ស៊ីសា” បានច្រើនកន្លែង ដូចជា នៅតាមភោជនីយដ្ឋាន ក្លឹប កំសាន្តនិងកន្លែងផ្សេងៗទៀត និងឃាត់មនុស្សបានចំនួន១៥នាក់ និងថ្នាំជក់ចំនួន៥៥បំពង់។ លោកបន្តថា ការចុះបង្ក្រាបកន្លែងលក់ថ្នាំ “ស៊ីសា” ក្នុងគោលបំណងរៀបចំសន្តិសុខក្នុងក្រុងសៀមរាប។
កាលពីថ្ងៃអង្គារម្សិលមិញ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ស្នើឲ្យកន្លែងលក់ “ស៊ីសា” ទូទាំងប្រទេស ឈប់ជាបន្ទាន់ ព្រោះការបើកអាជីវកម្មនោះ ជារឿងខុសច្បាប់។
នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ គាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចខេត្តសៀមរាប ដែលចុះបង្ក្រាបកន្លែងលក់ “ស៊ីសា”។ ប៉ុន្តែ លោកថា ដើម្បីឲ្យការអនុវត្តវិធានការបិទកន្លែងលក់ និងកន្លែជក់នោះមានប្រសិទ្ធភាពជាងនេះ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវបង្កើតច្បាប់មួយដាក់ទោសចំពោះអ្នកប្រើប្រាស់ និងអ្នកចែកចាយថ្នាំ “ស៊ីសា” ដើម្បីទប់ស្កាត់ការលក់ថ្នាំនេះបន្តទៀត។
លោក មុំ គង់ ពន្យល់ថា “ស៊ីសា” ជាថ្នាំជក់មួយប្រភេទ ដែលមានគ្រោះថ្នាក់ដូចគ្នាទៅនឹងថ្នាំជក់ដទៃទៀតដែរ ជាពិសេសបណ្តាលឲ្យមានជំងឺ មហារីកសួត បេះដូង ការកកស្ទះសរសៃឈាមបេះដូងជាដើម។
“ស៊ីសា” មានដើមកំណើតនៅប្រទេសក្រិក ហើយបានហូរចូលមកក្នុងប្រទេសកម្ពុជាជិតមួយឆ្នាំទៅហើយ ដោយស៊ីសាមួយបំពង់មានតម្លៃពី ៨ ទៅ ២០ដុល្លារ។ ក្នុងរាជធានីភ្នំពេញ មានកន្លែងជក់ស៊ីសា ដែលមានយីហោធំៗ ក៏ដូចជាកន្លែងលួចលាក់ជាច្រើនទៀត ដូចជានៅតាមភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ ជាពិសេសហាងដែលមានទីតាំងនៅតាមបណ្តោយមាត់ទន្លេ និងកោះពេជ្រជាដើម៕
សមត្ថកិច្ច ចាប់ផ្តើមបង្ក្រាបកន្លែងលក់ ថ្នាំម្យ៉ាង ឈ្មោះ “ស៊ីសា”
ប្រភព និង អត្ថបទ ដោយ : ណាត សុភាព (VOD)

