ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅម្តុំស្តាតអូឡាំពិក នៅថ្ងៃពុធនេះ បារម្ភពីការបាត់បង់ស្តាត ដែលត្រូវបានស្ថាបនាក្នុងទសវត្សរ៍ទី៦០ ខណៈដីនៅជុំវិញស្តាត ត្រូវបានកាត់លក់ និងសំណង់អគារខ្ពស់ៗមួយចំនួន កំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់។
តាមរយៈការសាកសួរនៅព្រឹកថ្ងៃពុធនេះ ពលរដ្ឋ ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា ពួកគាត់មានការព្រួយបារម្ភថាកូនខ្មែរជំនាន់ក្រោយ នឹងមិនបានស្គាល់ស្តាតអូឡាំពិកនេះទេ ដោយសារតែឥឡូវនេះ ដីជុំវិញស្តាតត្រូវបានគេលក់ទៅឲ្យឯកជន ក៏ដូចជាក្រុមហ៊ុនចិន និងវៀតណាមអស់ទៅហើយ។ ពួកគាត់បន្តថា ស្តាតនេះនឹងត្រូវបាត់ទាំងស្រុងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែឥឡូនេះ ស្តាតថ្មីមួយទៀត កំពុងត្រូវបានស្ថាបនានៅលើដីរបស់ឧកញ៉ាលោក លី យ៉ុងផាត់ នៅតំបន់ព្រែកព្នៅ។
ពលរដ្ឋឲ្យដឹងថា នៅខាងក្រោយផ្សារទំនើបស៊ីធីម៉ល ដីមួយចំនួន នឹងត្រូវហ៊ុំព័ទ្ធយក។ នៅជុំវិញស្តាតអូឡាំពិក ដីមួយចំនួន ត្រូវបានហ៊ុំព័ទ្ធដោយស័ង្កសី ដែលពលរដ្ឋអះអាងថា នឹងត្រូវយកធ្វើជាអគារខ្ពស់ៗ។
សាជីវកម្មវិនិយោគទុនកម្ពុជាក្រៅប្រទេសហៅ (OCIC) មានគម្រោងសាងសង់អគារនៅក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលជាអគារលំដាប់ខ្ពស់ កម្ពស់៥៥ជាន់ និង៣៦ជាន់។យោងតាមសម្តីរបស់អ្នកគ្រប់គ្រង គម្រោងរបស់ក្រុមហ៊ុន OCIC លោក ទូច សំណាង ដែលបានចុះផ្សាយនៅកាសែត The Cambodia Daily ក្រុមហ៊ុនបានចុះកិច្ចសន្យាជួលដីទំហំ ៦.២ហិកតា ក្នុងខណ្ឌ៧មករា នៅប៉ែកឦសាន នៃពហុកីឡាដ្ឋានជាតិអូឡាំពិករយៈពេល ៩៩ឆ្នាំ ដោយគ្រោងនឹងចំណាយថវិកាចំនួន ២៥០លានដុល្លារ ដើម្បីសាងសង់អគារខ្ពស់ៗ។
VOD មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
នាយកប្រតិបត្តិអង្គការគាំពារកេរមរតក លោក សាម ច័ន្ទវីរៈ លើកឡើងថា ស្តាតអូឡាំពិកជាស្នាដៃដំបូងរបស់កម្ពុជា ដូច្នេះគួរតែរក្សាទុកដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ បានដឹងថា ខ្មែរមានស្នាដៃល្អៗ ដែលប្រទេសជិតខាងមួយចំនួនក្នុងជំនាន់នោះមិនមាន។
ពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៦៣ ហើយបញ្ចប់នៅក្នុងឆ្នាំ ១៩៦៤ ដែលរចនាម៉ូតដោយ លោក វណ្ណ ម៉ូលីវណ្ណ ដោយការសាងសង់ត្រូវជីកដីដែលមានទំហំ ៥០០,០០០ ម៉ែត្រគូប។ ពហុកីឡាដ្ឋាននេះកសាងឡើងដើម្បីធ្វើជាម្ចាស់ផ្ទះអាស៊ីអាគ្នេយ៍ឧបទ្វីបហ្គេមឆ្នាំ ១៩៦៣ ប៉ុន្តែការប្រកួតត្រូវបានលុបចោលដោយសារតែបញ្ហានយោបាយនៅប្រទេសកម្ពុជា៕



