ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ និងបុរសវ័យ ៥៥ឆ្នាំម្នាក់ទៀត បានស្លាប់ នៅមន្ទីរពេទ្យ នៅក្នុងឧបទ្ទវហេតុរថយន្តដឹកសាំងមួយគ្រឿង មានស្លាក ថារី បានបុករះ មនុស្សប្រុសស្រី និងយានជំនិះជាច្រើន ខណៈពេលរថយន្តនេះ ចុះពីលើស្ពានគីហ្សូណា KIZUNA។ ហេតុការណ៍នេះ បានកើតឡើង នៅរង្វង់មូលស្ពានគីហ្សូណា ក្នុងទីក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ប្រមាណជា ១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៣កុម្ភៈ។
លោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់វិទ្យុបារាំងអន្តរជាតិថា មូលហេតុ ដែលបង្កឲ្យមានឧទ្ទវហេតុនេះ គឺបណ្តាលមកពីបុរសអ្នកបើកបរ មិនបានបន្ថយល្បឿន ក្នុងពេលបើកចុះ ពីលើស្ពាន ពីទិសខាងកើត ចូលមកក្នុងទីក្រុងកំពង់ចាម ហើយអ្នកបើកបររូបនោះ មិនបាន គោរពច្បាប់ចរាចរណ៏។ លោក បែន រ័ត្នបានបន្តថា ក្រៅពីអ្នកស្លាប់ ក៏មានផងដែរ អ្នករងរបួសធ្ងន់ ស្រាល ដែលចរាចរ នៅលើដងផ្លូវចុះពីលើស្ពាន និងនៅជិតផ្លូវថ្នល់ ចំនួន ៥នាក់។ ក្នុងនោះក៏មានម៉ូតូ ឆេះខ្ទេច ចំនួន ៥គ្រឿង និងរថយន្ត ២គ្រឿងផ្សេងទៀត ត្រូវបានបុក និងខូចខាតយ៉ាងដំណំ ។ នេះបើតាមស្នងការនគរបាលខេត្តកំពង់ចាម។
ក្រោយពីកើតហេតុរួច អ្នកបើកបររថយន្ត បានរត់គេចខ្លូន ដោយបន្សល់ទុកសាកសព និងអ្នករបួសពេញផ្លូវថ្នល់។ លោក បែន រ័ត្ន បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ ថៅកែក្រុមហ៊ុនថារី បានចេញមុខមកដោះស្រាយហើយ ប៉ុន្តែលោកស្នងការ មិនទាន់អាចបញ្ជាក់ ពីលទ្ធផលនៃការដោះស្រាយនៅឡើយទេ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ ដែលត្រូវបានដាក់បង្ហាញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២១កុម្ភៈ ស្តីពីសេចក្តីព្រាងគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាបញ្ហាប្រឈមដ៍ធំមួយនៅកម្ពុជា។ នៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនយាន យន្តមាន ១៦% ជាមធ្យម ក្នុងមួយឆ្នាំ ហើយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្លាប់ និងអ្នករងរបួសបានកើនឡើងគួរឲ្យព្រួយយ។ ហើយថា កម្ពុជាត្រូវបានចាត់ចំណាក់ថ្នាក់ជាប្រទេស ដែលមានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន៕
ប្រភពដោយ : (RFI) អត្ថបទដោយ : សួង សុភារី


