ប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពដ៏រន្ធត់ជាថ្មីម្ដងទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលមានការវាយប្រហារដោយគ្រាប់បែកនៅខេត្តTrat និងក្រុងបាងកកបណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់បីនាក់ស្លាប់ហើយដែលគិតមកដល់ពេលនេះ។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២១នាក់ និង ៧០០០នាក់ទៀតរងរបួសដែលករណីនេះធ្វើឲ្យស្ថានការណ៍នយោបាយនៅក្រុងបាងកកកាន់តែធ្ងន់ធរឡើងៗហើយពេលនេះទៀតកងទ័ព ព្រមានថាអាចនឹងធ្ងន់ធ្ងរទៀតប្រសិនបើមិនមានការសម្របសម្រួលហើយមានដំណោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបាន។
ក្រុមអ្នកជំនាញនិងក្រុមសន្ដិសុខមានជំនឿថាការចរចារដើម្បីមានដំណោះស្រាយនិងមិនអាចមានផលប្រយោជន៍សំរាប់ក្រុមប្រឆាំងព្រោះតែក្រុមនេះចង់ផ្ដួលរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ដោយមិនឆ្លងកាត់ការសម្របសម្រួលអ្វីឡើយ។
ប៉ុន្ដែក្រុមជំនាញនេះបែរជាផ្ដល់ទស្សនៈថាគណកម្មការប្រឆាំងអំពើពុករលួយត្រូវតែពិនិត្យឡើងវិញតួនាទីរបស់លោកយីងឡាក់ដែលស្ថិតនៅក្រោមការចោទថាមានរឿងអាស្រូវក្នុងករណីគំរោងទិញអង្ករ។
ក្រុមអ្នកជំនាញខាងសន្ដិសុខព្រមានថាបើក្រុមពិសេសនេះមិនអាចបង្កើតបានទាន់ពេលវេលាទេគឺអំពើហិង្សាកាន់តែរីករាលដាលហើយវាអាចឈានដល់ការផ្ទុះសង្គ្រាមទ័ពព្រៃក៏អាចកើតមានបាន។
ពួកមន្ដ្រីសន្ដិសុខបានលើកឡើងថាកងទ័ពនិងកំលាំងសន្ដិសុខដទៃទៀតត្រូវតែឆាប់ចូលខ្លួនមកសម្របសម្រួលវិបត្តិនេះជាបន្ទាន់ហើយអ្នកនយោបាយដែលនៅពីក្រោយស្ថានការណ៍ត្រូវតែបញ្ឈប់ការញុះញ៉ង់ឲ្យមានការប្រឆាំងគ្នាទៅវិញទៅមកទាំងក្រុមគាំទ្របក្សប្រឆាំងនិងក្រុមអាវក្រហមគាំទ្រលោកស្រីយីងឡាក់។ ប្រធាននាយកដ្ឋានស៊ើបអង្កេត លោក Tarit Pengdith បានទទូចសុំឲ្យគូជម្លោះនយោបាយ ទាំងពីរព្យាយាមអត់ធ្មត់ ហើយងាកមករកតុ ចរចារជាបន្ទាន់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពថៃ ប្រាយុទ្ធចាន់អូចា សរសេរនៅក្នុង សារ SMS របស់លោកថា ស្ថានការណ៍ធ្ងន់ធ្ងរបែបនេះ នឹងមានសង្គ្រាមស៊ីវិល ប្រសិនបើភាគីទាំងអស់ មិនបានគោរពនិតិរដ្ឋជាធំ។ លោកបានបញ្ជាក់ថា កងទ័ពនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី ប្រជាជននិងប្រទេសជាតិ ហើយប្រកាន់ជំហរអព្យាក្រិត្យ។
ប្រទេសថៃធ្លាក់ នៅក្នុងការបែកបាក់នយោបាយ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារ នៅឆ្នាំ២០០៦ ក្នុងព្រឹត្តិការណ៍បណ្ដេញ នាយករដ្ឋថាក់ស៊ីន បងប្រុសរបស់លោកស្រីយីងឡាក់ ពីអំណាច ហើយនៅឆ្នាំ២០១០ មានការបះបោរនយោបាយដូចនេះដែរ ដោយវាបានសម្លាប់មនុស្សជាង ៩០នាក់ និងរបួសជិត ១០០០នាក់។
ការព្រួយបារម្ភនោះគឺពួកអាវក្រហម វិលមកដើរតវ៉ាតាមដងផ្លូវនៅក្រុងបាងកក ហើយពេលនឹងមានការប៉ះទង្កិចគ្នាកើតឡើងរវាង ក្រុមអ្នកគាំទ្រលោកស្រី យីងឡាក់និង ក្រុម ប្រឆាំងលោកស្រី។ ទោះបែបនេះក្ដី លោកស្រីនឹងត្រូវដាក់ឲ្យប្រឈមនឹងបទចោទករណីពុករលួយ ក្នុងគម្រោងទិញអង្ករ ដែលកសិករកំពុងទាមទារប្រាក់សំណងត្រឡប់មកវិញ។ ករណីនេះនឹងនាំឲ្យលោកស្រីយីងឡាក់ បាត់បង់អំណាចជានាយករដ្ឋមន្ត្រី៕
ប្រភព និង អត្ថបទ ដោយ : នួន បូរិន (VOD)


