ទីបំផុតទៅ គណបក្ស សង្គ្រោះជាតិ
បានដំណើរការវេទិកាជួបជុំសកម្មជន នៅទីរួមខេត្តកំពង់ឆ្នាំង
នារសៀលថ្ងៃព្រហស្បតិ៍ ទី២០កុម្ភៈនេះ ដោយគ្មានការរារាំង
ឬរំខានអ្វីឡើយ។ បន្ទាប់ពីពិធីជួបជុំជាង ២ ម៉ោង លោកកឹមសុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសលុបចោលសេចក្តីព្រមាន
ហើយបន្តឲ្យក្រុមការងារគណបក្សសង្គ្រោះជាតិ ជួបចរចាបន្ត
ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា។ គណបក្សសង្គ្រោះជាតិ ក៏បានបញ្ជូនសំណើរបង្កើតគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត ដោយមានសមាសភាពម្ខាង ៧ រូប។
លោកសមរង្ស៊ី និងលោកកឹមសុខា បានថ្លែងពីជំហរ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ក្នុងពេលចរចាជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៨កុម្ភៈ។ នោះគឺគណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យកែទម្រង់ការបោះឆ្នោត និងទាមទារបោះឆ្នោត មុនអាណត្តិ ជាដើម។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅក្រោយពេលបញ្ចប់វេទិកា ជួបជុំសកម្មជន នៅទីរួមខេត្តកំពង់ឆ្នាំងថា លោក និងលោកសមរង្ស៊ី នឹងបន្តចុះតាមបណ្តាខេត្តជាច្រើនទៀត ដើម្បីជួបសកម្មជន ពន្យល់ពីគោលជំហរបស់គណបក្សប្រឆាំង។
ជាមួយគ្នានោះ លោកកឹមសុខា ក៏បានគូសបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក៏នឹងបន្តចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅកែ ទម្រង់ការបោះឆ្នោត។ កំណែទម្រង់ការបោះឆ្នោត ដែលក្រុមការងារចម្រុះ គណបក្សជាប់ឆ្នោតទាំងពីរ បានព្រមព្រៀង កាលពីថ្ងៃទី១៨កុម្ភៈ ដើម្បីបង្កើតគណៈកម្មការចម្រុះរួម ដែលមានសមាសភាពស្មើគ្នា រវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា។
លោក កឹមសុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ តាមរយៈ លោក សុនឆ័យ ប្រធានក្រុមការងារចរចា ក៏បានបញ្ជូនសំណើរួចហើយ ទៅកាន់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើតគណៈកម្មការចម្រុះ កែទម្រង់ការបោះឆ្នោត ដោយមានសមាសភាពស្មើគ្នា គឺម្ខាង ៧ រូប។ គណបក្សប្រជាជនកម្ពុជា បានទទួលយកសំណើនោះ និងកំពុងពិនិត្យ ហើយដាក់ឆ្លងមេដឹកនាំកំពូល។
ប្រធានក្រុមចរចារបស់គណបក្សប្រជាជនកម្ពុជា លោកព្រុំសុខា បានសម្តែងក្តីរីករាយ ហើយថា មានតែការចរចាទេ ទើបអាចដោះស្រាយបញ្ហានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ គណបក្សប្រជាជនកម្ពុជា ក៏ចង់បានបរិយាកាសល្អ ក្នុងពេលចរចា និងបើកទ្វារចរចាជានិច្ច ជាមួយគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែលោក ព្រុំ សុខា បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ក្រុមការងារទាំងពីរ មិនទាន់កំណត់ថ្ងៃជួបចរចាជាថ្មីទេ តែគណបក្សទាំងពីរ បានធ្វើការជាច្រើនរួមគ្នា ដើម្បីឈានទៅបង្កើតគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត៕
អត្ថបទដោយ : លី ម៉េងហួរ (RFI)

