Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

តំណាង​សហជីព​ធំៗ​ចំនួន ១៨ បញ្ជាក់​ជំហរ​ជា​ថ្មី​ថា នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី៨ ខែមិនា នៅ​ទីលាន​ប្រជាធិបតេយ្យ តាម​ការគ្រោងទុក ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់ និង​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​១​ខែ ទោះបី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិ​។​

ក្នុងពេល​វេទិកា​លើក​នេះ សហជីព នឹង​អញ្ជើញ​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្លើយបំភ្លឺ​នៅ​មុខ​កម្មករ​។​

​ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើរ​របស់​សហជីព​ទាំងនោះ ហើយទុក​ឲ្យ​ក្រសួង​មហាផ្ទៃ​ជា​អ្នកសម្រេច​។​ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការ​បដិសេធ​មិន​ឲ្យ​សហជីព​ធ្វើ​បាតុកម្ម​នេះ គ្រាន់តែ​ជា​លេស​របស់​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។

លោក បន្តថា តាម​ច្បាប់​ស្តីពី​បាតុកម្ម​ត្រង់​ជំពូក២ ឲ្យដឹងថា រាល់​ការប្រមូលផ្តុំ ពិភាក្សា និង​បញ្ចេញមតិ​គឺជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ ហើយ​គ្រាន់តែ​ជូនដំណឹង​ទៅ​អាជ្ញាធរ​បាន​ហើយ មិន​ចាំបាច់​សុំ​ការអនុញ្ញាត​ទេ​។

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក មិនទាន់​បាន​ទទួល​លិខិត​របស់​សហជីព​នៅ​ឡើយ​ទេ​។ ប៉ុន្តែ លោក បន្តថា ប្រសិនបើ​វេទិកាសាធារណៈ​នោះ មាន​ឆន្ទៈ​ពិតប្រាកដ និង មិន​ពាក់ព័ន្ធ​នយោបាយ ក្រសួង នឹង​អនុញ្ញាតិ​។

​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​លោក ស ម៉ូ​រ៉ា មានប្រសាសន៍ថា តាម​ការគ្រោងទុក​នឹង​មាន​កម្មករ​ចូល​រូ​ម​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ច្រើន​ជាង​មួយ​ម៉ឺន​នាក់ ដូចនេះតំណាង​សហជីព​មិន​អាច​លុបចោល​គម្រោង​នេះ​បានទេ​។

ក្រុម​មេដឹកនាំ​សហជីព ព្រមាន​ថាបើ​វេទិកា​នៅ​ថ្ងៃ​ទី​៨​ខែ​មិនា នោះនៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ តាម​ការទាមទារ ប្រាក់​ឈ្នួល​១៦០​ដុល្លារ និង​ដោះលែង​អ្នក​ជាប់​ជន​ទាំង​២៣​នាក់​ទេ កម្មករ​នៅ​គ្រប់​វិស័យ នឹង​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥ ខែ​មិនា ហើយ​មន្ត្រី​រាជការ មិន​ទៅ​ធ្វើការ​។ ចំណែក​ថ្ងៃទី​១៦​ដល់​ថ្ងៃ​ទី​១៩ ខែ​មិនា កម្មករនិយោជិត​នឹង​ទៅ​កន្លែង​ធ្វើការ តែ​មិន​បំពេញការងារ​៕

ប្រភព និង អត្ថបទ ដោយ​ ឡាយ សាមាន (VOD)

«
Next
Newer Post
»
Previous
Older Post