កម្មករប្រមាណ ជា៧០០០នាក់ នៅរោងចក្រដេរស្បែក ជើងវីងស្តារ ក្នុងភូមិ អង្គសុគន្ធា សង្កាត់មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធនេះ បន្តតវ៉ាដោយ បិទកំណាត់ផ្លូវជាតិ៣ រយៈពេលខ្លី ដើម្បីទាមទារលក្ខខណ្ឌការងារ២០ចំណុច។កម្មករបានតវ៉ា៣ ថ្ងៃមកហើយ ដោយទាមទារ ឲ្យក្រុមហ៊ុន ផ្តល់លុយបន្ថែមមួយ ម៉ោងចំនួន២ពាន់រៀល ដំឡើងប្រាក់ លើកទឹកចិត្តចំនួន១៥ដុល្លារក្នុងមួយខែ លុយស្នាក់នៅចំនួន១៥ដុល្លារក្នុងមួយខែ រៀបចំថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់ ទាមទារឲ្យដកប្រធានផ្នែក ជាជនជាតិចិន ដែលប្រើពាក្យសម្តីមិនសម រម្យលើកម្មករ កុំឲ្យក្រុមហ៊ុនបង្ខំកម្មករឲ្យធ្វើការហួសម៉ោង ឈប់កាត់ប្រាក់ខែ អំឡុងពេលធ្វើកូដកម្ម សុំដកសន្តិសុខបុរសចេញពីកៅបន្ទប់ទឹកស្ត្រីក្នុងរោងចក្រ និងស្នើឲ្យក្រុមហ៊ុនផ្តល់ លុយបាយថ្ងៃត្រង់ចំនួន៥ពាន់ រៀលជាដើម។
តំណាងកម្មកររោងចក្រវីងស្តារ អ្នកនាង សៀក យ៉ង់ ប្រាប់VOD នៅកន្លែងតវ៉ាថា រយៈពេល៣ថ្ងៃ មកនេះភាគីរោងចក្រមិនមានការឆ្លើយតបចំពោះការទាមទាររបស់កម្មករនៅឡើយទេ។ អ្នកនាងព្រមានថា បើរោងចក្រនៅតែអូស បន្លាយរកដំណោះ ស្រាយបែបនេះ ក្រុមកម្មករនៅតែបន្តតវ៉ា។
អគ្គលេខាធិការរង សហព័ន្ធសហជីព ដើម្បីសិទ្ធិការងារ លោក សំ វិសូ យល់ថា បើថៅកែរោងចក្រមិនដោះស្រាយជូនកម្មករទេ ធ្វើឲ្យភាគីទាំងពីរ ខាតប្រយោជន៍ទាំងសងខាង។
VOD មិនអាចសុំការអត្ថាធិប្បាយពី ប្រធានរដ្ឋបាលរោងចក្រវីងស្តារ លោក ពូ សីង បានទេ នៅថ្ងៃពុធនេះ។ ប្រធានកម្មវិធីសិទ្ធិការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា ពន្យល់ថា បើករណីជម្លោះនៅ តែបន្តអូសបន្លាយបែបនេះ មន្ត្រីក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយតាមនីតិវិធីច្បាប់ ដោយអញ្ជើញភាគីទាំងពីរ មកផ្សះផ្សា បើមិនព្រមព្រៀងគ្នាទេ ក្រសួងត្រូវបញ្ជូនសំណុំរឿងទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាអ្នកសម្រេច។ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ៕
ប្រភព ដោយ : VOD

