Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ទៅ​ទទួល​យក​ញត្តិ​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំង​២១​សហគមន៍ នៅ​តំបន់​បឹងកក់​ផ្ទាល់ បន្ទាប់ពី​សមត្ថកិច្ច​រារាំង​ប្រជា​សហគមន៍​ទាំងនោះ មិន​ឲ្យ​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​កិច្ចការនារី នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​នេះ​។​

​កញ្ញា សុង ស្រី​លាប ប្រជា​សហគមន៍​បឹងកក់ បាន​ឲ្យ​ VOD ​ដឹងថា បន្ទាប់ពី​មាន​ការរារាំង​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំង​២១​សហគមន៍ មិន​ឲ្យ​ដើ​រហែ​ក្បួន អាជ្ញាធរ​បាន​ចរចា​ជាមួយ​ពួក​គាត់ ដោយ​ស្នើ​ឲ្យ​តំណាង​សហគមន៍​ដីធ្លី ប្រមាណ​១០​នាក់ ធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី ដើម្បី​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​កិច្ចការនារី ប៉ុន្តែ​ក្រោយមក នៅ​ម៉ោង​ប្រមាណ ១០​ព្រឹក មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ទៅ​កាន់​តំបន់​បឹង​កក់​ដោយ​ផ្ទាល់ ដើម្បី​ទទួល​ញត្តិ​របស់​ពួកគាត់​វិញ​។

​កញ្ញា​បន្តថា នៅពេលនេះ អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំង​២១​សហគមន៍ និង​ព្រះសង្ឃ បាន​នឹង​កំពុង​ធ្វើ​វេទិកា​សាធារណៈ​មួយ​នៅ​តំបន់​បឹងកក់ ដោយ​មាន​ការ​ថ្លែង​សារ​ពី​ទុក្ខលំបាក​របស់​ក្រុម​គ្រួសារ​រងគ្រោះ ដោយសារ​ការបណ្តេញចេញ​។​

​ដោយឡែក ញត្តិ​ដែល​ដាក់​ទៅ​ក្រសួង​កិច្ចការនារី និង​សាលា​រាជធានី​ភ្នំពេញ​នោះ គឺ​មាន​ខ្លឹមសារ​ជំរុញ​ឲ្យ​ដោះលែង​មនុស្ស​២១​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម និង​បញ្ឈប់​ប្រើ​ហិង្សា​លើ​ស្ត្រី និង​កុមារ បញ្ឈប់​បណ្តេញចេញ ផ្តល់​សំណង​ដល់​អ្នករងគ្រោះ និង​គោរព​សិទ្ធិ​មនុស្ស​ជា​ដើម​៕

ដោយ៖​ ញឹម សុខន(VOD)

«
Next
Newer Post
»
Previous
Older Post