ភ្នំពេញ ៖ ល្បែងជាច្រើនប្រភេទ ត្រូវបានហាមឃាត់មិនឲ្យលេងនៅក្នុង រដូវបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែលឆ្នាំនេះបុណ្យចូលឆ្នាំត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៤ នោះ។
នៅក្នុងផែនការណែនាំ ដែលចុះហត្ថលេខាដោយ សម្តេចចៅហ្វាវាំង វវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈ កម្មាធិការ រៀបចំបុណ្យជាតិ- អន្តរជាតិ កាលពីចុងខែកុម្ភៈ បានផ្តោតការយក ចិត្តទុកដាក់រាល់អំពើ ឬល្បែងជាច្រើន ប្រភេទ ដែលនាំទៅដល់បាតុភាព អសកម្មក្នុង សង្គមជាតិនោះ។
ផែនការណែនាំ នោះបាននិយាយថា «រាល់អំពើឬល្បែងទាំងឡាយ ណាដែលនាំឲ្យ ខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណី ថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើ អំពើហិង្សា បណ្តាលមកពី ការរាំកម្សាន្ត ប៉ះទង្គិចបន្តិច បន្តួច ការច្រណែនឈ្នានីស ការលេងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹក គប់ ស្បោងទឹក បាញ់ទឹក លាបធ្យូង ប៉ាតម្សៅ ទះគប់ដោយដៃ វាយដោយរំពាត់ រារាំងផ្លូវរំខាន ដល់អ្នកដំណើរ ដែលមានសម្លៀកបំពាក់ដ៏មានតម្លៃ ត្រូវហាមឃាត់ជាដាច់ខាត» ។ ត្រូវ យកចិត្តទុកដាក់លើក កម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងការដុតទៀន ធូប ភ្លើងចង្រ្កាន ឬប្រើ ប្រាស់គ្រឿងឆេះ ផ្សេងៗដែល នាំឲ្យមានអគ្គីភ័យ ឆេះផ្ទះសម្បែង ទប់ស្កាត់ការដុតឆាវ គ្រឿង ផ្ទុះ គ្រាប់រំសេវជាដើម ដែលនាំឲ្យគ្រោះថ្នាក់ របួស ពិការរហូតដល់ជីវិត និង នាំឲ្យខូច សណ្តាប់ធ្នាប់សង្គមថែមទៀត។
គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានីភ្នំពេញ ខេត្ត ទីប្រជុំជន វត្តអារាម សាឋលារៀន រើងចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ពិសេសក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងធម្មការ និង សាសនា គណៈកម្មាធិការរៀបចំ បុណ្យជាតិ អន្តរជាតិសុទ្ធតែត្រូវបានណែនាំឲ្យបំពេញនូវ ភារកិច្ចរៀងៗខ្លួន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីជាតិនេះ។
ក្រសួងព័ត៌មាន ត្រូវចាត់តាំងបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និង ឯកជនចុះធ្វើសកម្ម ភាពយកព័ត៌មាន ថតរូប ថតទូរទស្សន៍នូវរាល់សកម្មភាព ទិដ្ឋភាពជាក់ស្តែងនាថ្ងៃបុណ្យ ទាំងពិធីសាសនា និងទាំងប្រពៃណីជាតិ ដូចជាសកម្មភាព ល្បែងប្រជាប្រិយគ្រប់ប្រភេទ តាមតំបន់នីមួយៗ ហើយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ។ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ត្រូវណែនាំ ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ខេត្តចាត់តាំងសម្តែង សិល្បៈ និងទស្សនីយភាពជូន ប្រជារាស្រ្តទស្សនា កម្សាន្តតាមទីសាធារណៈ និងបំផុស ចលនាប្រជាពលរដ្ឋ ចូលរួមឲ្យបានផុលផុស ក្នុងការចាត់តាំងលេង ល្បែងប្រជាប្រិយរបស់ ជាតិដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្តសប្បាយ តាមរមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តអារាម ទីប្រជុំជន ភូមិ ឃុំ តាមទម្លាប់នៃតំបន់នីមួយៗ ដើម្បីអប់រំ និងបង្ហាញឲ្យយុវជន ជំនាន់ក្រោយបានយល់ដឹង និង ឃើញច្បាស់ ហើយនាំគ្នា បន្តវេន រក្សាឲ្យបានគង់វង្ស ។
គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិត្រូវរៀបចំកម្មវិធី ណែនាំ បំផុស សប្បុរជន ចាត់តាំងគណៈប្រតិភូ ឲ្យជួយឧបត្ថម្ភជាសម្ភារ ថវិកា ចុះសួរសុខទុក្ខអ្នក មានជំងឺ កំពុងសម្រាកព្យាបាល ជំងឺនៅតាមមន្ទីរពេទ្យនានា ជនពិការ កុមារកំព្រានៅតាមមណ្ឌល នានា បងប្អូនក្រីក្រខ្វះខាត និងចាស់ជរាគ្មានទីពឹង ដើម្បីជាការលើកទឹកចិត្ត និងបង្កើន ស្មារតីជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានទុក្ខលំបាក ក៏ដូចជាក្នុងឱកាសសប្បាយផងដែរ។
ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចរចនា ដោយមានបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និងរៀបចំគ្រឿង សក្ការបូជាមានផ្កាភ្ញី ទៀនធូបជាដើម ថ្វាយព្រះរតនត្រ័យ និង រៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាដើមទទួលទេវតា ឆ្នាំថ្មីព្រះនាម « គោរាគ ទេវី» ព្រមទាំងត្រូវតុបតែង លម្អដោយភ្លើងព៌ណអគ្គិសនី នៅតាមជនបទ ចាត់តាំងឲ្យមាន ការដុតគោម ប្រទីបជ្វាលាឲ្យ បានភ្លឺព្រោងព្រាតនា ពេលយប់រយៈពេល ៣ ថ្ងៃ ។ ក្រសួង មហាផ្ទៃ និងក្រឹសួងការពារជាតិ ត្រូវមានផែនការជាក់ស្តែងដល់ អង្គភាពក្រោមឱវាទ រាជ ធានីភ្នំពេញ ខេត្ត បង្កើនកិច្ចការពារ ថែរក្សាធានាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់ សង្គម ចរាចរ បង្កភាពសប្បាយរីករាយ ធានាសុវត្ថិភាពជូនមហាជន ប្រជាជនមុនក្រោយ និង ក្នុងពេលប្រារព្ធ ពិធីបុណ្យប្រពៃនីជាតិនេះ៕
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


