ថ្វីត្បិតតែនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃមិនទាន់មានស្ថិតិថ្នាក់ជាតិច្បាស់លាស់អំពីអត្រានៃការលែងលះប្ដីប្រពន្ធនៅកម្ពុជាក៏ដោយ ក៏នៅពេលថ្មីៗនេះនៅក្នុងឱកាសប្រារព្ធទិវានារីអន្ដរជាតិឆ្នាំនេះ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញបានលើកឡើងដោយមានការស្រង់សម្ដីពីកាសែតក្នុងស្រុកថា នៅក្នុងតុលាការគ្រប់ខេត្ដ-ក្រុងមានលេចចេញនូវបាតុភាពនៃការលែងលះប្ដីប្រពន្ធខ្ពស់។ ប៉ុន្ដែលោកបានទទួលស្គាល់ដែរថា មិនមានស្ថិតិច្បាស់លាស់នៃបណ្ដឹងលែងលះប្ដីប្រពន្ធនៅភ្នំពេញទេ ហើយបានស្នើឲ្យតុលាការក្រុងប្រមូលស្ថិតិនេះ។
វិទ្យុអូស្រ្ដាលីមិនអាចសុំការបំភ្លឺអំពីរឿងនេះពីលោក ប៉ា សុជាតិវង្ស នៅព្រឹកមិញនេះបានទេ ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។ យ៉ាងណាក៏ដោយ លោក ឡុង ដឺម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបា្រប់វិទ្យុអូស្រ្ដាលីជុំវិញរឿងនេះថា ខាងលោកកំពុងតាមដានដែរ។
សម្រាប់លោក អំ សំអាត មន្រ្ដីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូនៅកម្ពុជាបានឲ្យដឹងថា ខាងអង្គការលោកក៏កត់សម្គាល់ឃើញមានការកើនឡើងនៃអត្រាលែងលះដែរ។
អ្នកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានលើកឡើងថា ខាងអង្គការលោកស្រីក៏មិនមានតួលេខដែរអំពីការលែងលះប្ដីប្រពន្ធ។ ប៉ុន្ដែថា ស្រ្ដីកម្ពុជាប្រឈមមុខខ្ពស់នឹងបញ្ហាដាក់ពាក្យលែងលះគ្នានៅថ្នាក់មូលដ្ឋាន។
លោកបណ្ឌិត កែម ឡី អ្នកវិភាគកិច្ចការសង្គមបានប្រាប់វិទ្យុអូស្រ្ដាលីឲ្យដឹងថា រឿងស្ថិតិនេះ គឺជារឿងមួយលំបាកប្រមូលជាពិសេសទាក់ទងករណីលែងលះក្រៅផ្លូវការ។
លោកបណ្ឌិត កែម ឡី បានលើកឡើងអំពីកត្ដាសំខាន់ៗមួយចំនួនដែលនាំឲ្យមានការលែងលះប្ដីប្រពន្ធក្នុងនោះមានដូចជាបញ្ហាធ្លាក់ចុះនៃសីលធម៌, បញ្ហាជនចំណាកស្រុក, ការកើនឡើងនៃស្រ្ដីបំរើសេវាផ្លូវភេទ, បញ្ហាមានដៃគូស្នេហាក្រៅអាពាហ៍ពិពាហ៍ និងបញ្ហាសម្ភារៈនិយមជាដើម៕
ប្រភព និង អត្ថបទ ដោយ : ABC ( Radio australia )


