Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

សហព័ន្ធ​សហជីព និង​សមាគម​ទាំង១៨ បាន​សម្រេច​យក​សួនច្បារ​មុខ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រៀបចំ​វេទិកា​សាធារណៈ​ស្តីពី​សិទ្ធិ​ការងារ នៅ​ម៉ោង​ជិត ១០​ព្រឹក​នេះ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​ច្រក​ចេញចូល​ទីលាន​ប្រជាធិបតេយ្យ និង​មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​មក​។​

​វេទិកា​សាធារណៈ ចាប់ផ្តើម​ដោយ​មាន​ការ​ថ្លែង​សារ​ទាក់ទង​នឹង​សិទ្ធិ​នារី​អន្តរជាតិ ការទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ និង​ផ្តល់​ឱកាស​ដល់​កម្មការិនី​រោងចក្រ ឡើង​ថ្លែង​ពី​ទុក្ខលំបាក​របស់​ពួកគេ នៅពេល​បំពេញ​ការងារ ព្រម​ទាំង​ការទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយខែ​។​

វេទិកា​នេះ ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី សហជីព អង្គការ​សង្គម​ស៊ិវិល អតីត​ក្រុមការងារ​គណបក្ស​សម​រង្ស៊ី ប្រមាណ​ជាង​៥០០​នាក់​។​

នៅ​មុនពេល​ធ្វើ​វេទិកា​សាធារណៈ កម្មករ និង​កម្លាំង​សន្តិសុខ បាន​ប្រឈមមុខ​ដាក់គ្នា ដោយ​ពាក្យ​សម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា​ទៅវិញទៅមក បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រារាំង​ក្រុមកម្មករ​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​។ ក្រុម​សន្តិសុខ ក៏​បាន​ដេញ​វា​យក​ម្មករ​មួយចំនួន​ផង​ដែរ ប៉ុន្តែ​នៅ​ម៉ោងជាង ៩​ព្រឹក​នេះ ក្រុមកម្មករ និង​ប្រជាពលរដ្ឋ បាន​បណ្តេញ​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ដែល​ព្យាយាម​បំបែក និង​រារាំង​ក្រុមកម្មករ មិន​ឲ្យ​ប្រមូលផ្តុំ​នៅ​សួនច្បារ​ខាងមុខ​ទីលាន​ប្រជា​ធីបតេយ្យ​នោះចេញ ហើយ​ពួកគេ​ក៏​ចាប់ផ្តើម​ធ្វើ​វេទិកា​សាធារណៈ​នៅ​លើ​សួនច្បារ​នោះ​។

​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន​៧​ចំណុច ក្នុងនោះ​មាន ១,​សុំឲ្យ​ដោះលែង​ជនជាប់ចោ​ទទាំង​២១​នាក់ និង​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​២៣​នាក់ ២,​សុំឲ្យ​មាន​ការចរចា​ឡើងវិញ​លើ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ ៣,​ត្រូវ​ដាក់ទោស​ដល់​ជនល្មើស​ដែល​បាន​ប្រើ​ហិង្សា​និង​សម្លាប់​កម្មករ ព្រមទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត រងរបួស និង​ជាប់​ឃុំឃាំង ៤,​រដ្ឋាភិបាល​ត្រូវ​ដក​បម្រាម​នៃ​ការជួបជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ ចេញ វិញ និង​លុបចោល​ការព្យួរ​ការចុះបញ្ជី​ការ​អង្គការ​វិជ្ជាជីវៈ​ពី​ក្រសួង​ការងារ ៥,​តំណាង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ដក​បណ្តឹង​ដែល​ប្រឆាំង​សហជីព និង​កម្មករ​និយោជិត ៦,​សុំ​ទទួលយក​កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យចូល​ធ្វើការ​វិញ ព្រមទាំង​ផ្តល់​ប្រាក់​រម្លឹក និង​អត្ថប្រយោជន៍​ផ្សេងៗ និង​ចំនុច​ទី​៧ ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ទៀងទាត់​ជូន​ដល់​កម្មករ ដែល​និយោជក​បាន​កាត់ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​៕

ដោយ៖​ តាំង វីដា​ (VOD)

«
Next
Newer Post
»
Previous
Older Post