Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភាគី​កម្ពុជា និង​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ទី​០៥​ខែ​មីនា ដើម្បី​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដុះ​អំពៅ និង​ការ​ចម្រាញ់​ស្ករអំពៅ ដោយ​ឈាន​ទៅរក​ដំណោះស្រាយ​នៅ​ពេល​ឆាប់ៗ​នេះ​។​

​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម ឲ្យដឹងថា ឯកអគ្គរដ្ឋទូត​របស់​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក Jean Francois Cautain ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​របស់​ក្រុម​ការងារ​ជាន់ខ្ពស់ ដើម្បី​ដោះស្រាយ​លើ​ការចោទប្រកាន់​អំពី​ការរំលោភ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​ដុះ​អំពៅ និង​ការ​ចម្រាញ់​ស្ករអំពៅ​។​គេហទំព័រ​បន្តថា តំណាង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ដាំ​ដុះ​អំពៅ ក្រសួង​ពាក់ព័ន្ធ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចូលរួម​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ ប្រកប​ដោយ​វិជ្ជមាន និង​ក្នុង​អត្ថន័យ​ស្ថាបនា ដើម្បី​ស្វែងរក​ដំណ​ស្រាយ​។

​អ្នកចូលរួម​ទាំងអស់​គ្នា​នៃ​កិច្ចបិភាក្សា​នេះ បានដឹងថា នៅ​មាន​ភាពខុស​គ្នា​នៅឡើយ​ចំពោះ​ចំនួន និង​ប្រភេទ​នៃ​ពាក្យ​បណ្តឹង​​ដែល​នៅ​មិន​ទាន់​ដោះស្រាយ​។ អ្នកចូលរួម​ត​ទាំងអស់ បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ទៅលើ​វិសាលភាព និង​វិធី​សាស្ត្រ​​នៃ​ការវាយតម្លៃ ពី​ខាងក្រៅ​ដែល​អាច​ធ្វើទៅបាន​មុននឹង​កំណត់​ពី​ចំណាត់ការ​ក្នុង​ការទូទាត់​សំណង ក្នុងករណី​ចំ​បាច់ ដើម្បី​ដោះស្រាយ​ចំពោះ​វិវាទ​ដែល​នៅ​សេសសល់​។​

​ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់ថា​ «​យើង​អាច​កំណត់​បាន​ថា កិច្ចប្រជុំ​ពិភាក្សា​នេះ ជា​ជំហាន​វិជ្ជមាន​ឈាន​ឆ្ពោះ​ទៅមុខ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ច្បាស់ ដែល​អាច​បំពេញ​ចិត្ត​ភាគី ដែល​ពាក់ព័ន្ធ​ទាំងអស់​បាន​»​។​

​កាលពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ កិច្ចប្រជុំ​គណៈកម្មការ​ធិ​ការពិ​សេស ដើម្បី​រក​ដំណោះស្រាយ​រឿង​ស្ករអំពៅ ដោយ​មាន​ការចូលរួម​ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកអគ្គ- រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​មកពី​ក្រសួងការបរទេស ក្រសួង​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ អភិបាល និង​អភិបាលរង ខេត្ត​កោះកុង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ និង​ក្រុមហ៊ុន​ចម្រាញ់​ស្ករអំពៅ​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែ​ន រដ្ឋា មានប្រសាសន៍ថា រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការសិក្សា​បន្ត​នៃ​ផល​ប៉ះពាល់ ដោយសារ​កន្លងមក របាយការណ៍​នៃ​ផល ប៉ះពាល់ មាន​ភាពខុសគ្នា​។​លោក​បន្តថា រដ្ឋាភិបាល នឹង​បង្កើត​ភាគី​ទី​បី ដើម្បី​ចូល​ទៅ​សិក្សា​ពី​ផលប៉ះពាល់ «​ពិនិត្យ និង​មើល​ចំនួន​ក្រុម​គ្រួសារ​ដែល ទទួលរង​ផលប៉ះពាល់ ដែល​បាន​ដោះស្រាយ​ហើយ នីតិវិធី​ដែល​បាន​ប្រើ និង​ចំនួន​ដែល​ឯកអគ្គរដ្ឋទូត សហគមន៍​អឺរ៉ុប​នោះ គាត់​ទទួលបាន​ពី​ប្រភព​ណាមួយ ដែល​គាត់​មាន​ពី​ប្រភព​ណាមួយ​ដែល​គាត់​មាន អញ្ចឹង​យើង​ធ្វើការ​ផ្ទៀតផ្ទាត់​គ្នា ហើយ​ពិនិត្យ​រាល់​ឯកសារ​ទាំងអស់នោះ​ឡើងវិញ​»​។​

​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង មាន​ប្រមាណ​២០០​គ្រួសារ ឧត្តរមានជ័យ ៦០០​គ្រួសារ កំពង់ស្ពឺ ២០០​គ្រួសារ និង​ថ្មីៗ​នេះ សហគមន៍​មួយចំនួនទៀត ក៏​បាន​ស្នើសុំ​អន្តរាគមន៍​។​លោក​បន្តថា រដ្ឋាភិបាល គួរតែ​ផ្តល់​ដី​សមរម្យ​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ «សំខាន់​ពួកគាត់​ត្រូវការ​ដី​ត្រឡប់មកវិញ ហើយ​យើង​គិតថា ក្រុមហ៊ុន​ក៏​ដូច​ជា​រដ្ឋាភិបាល អាច​ស្វែងរក​ដី​ដែល អាច​ដោះដូរ​ជាមួយ​ពួក​គាត់​វិញ ហើយ​យើង​សិក្សា​ទៅ ធ្វើការ​ពិភាក្សា​គ្នា ថា​តើ​ពួកគាត់​ប៉ះពាល់​ដី​ប៉ុន្មាន ហើយ​យើង​ត្រូវ​កាត់ចេញ​ប៉ុន្មាន ដើម្បី​ផ្តល់​ឲ្យ​ពួកគាត់​វិញ​»​។​

​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ សមាជិក​សភា​អឺរ៉ុប​១​រូប បាន​ជំរុញ​ទៅ​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​(EU)​ទាំងមូល ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ទទួលយក​ការស៊ើបអង្កេត​ករណី​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចំនួន​៣ និង​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​ឧកញ្ញា លី យ៉ុង​ផាត់​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ពី​លោក​ឧកញ្ញា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ស្ករ​អំពៅ បាន​នៅឡើយ​ទេ​។

​លោក អៀង វុទ្ធី ឲ្យដឹងថា ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦ នៅលើ​ដី​ជាង​១​ពាន់​ហិកតា និង​ជម្លោះ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ឧត្តរមានជ័យ កើតឡើង​ចាប់ពី​ឆ្នាំ​២០១០ លើ​ដី​ជាង​១​ពាន់​ហិកតា​៕

ប្រភព និង អត្ថបទ ដោយ​ : ស៊ុន​ ណារិន (VOD)

«
Next
Newer Post
»
Previous
Older Post