គេហទំព័រភាសាអង់គ្លេសឈ្មោះ ហ្គូហ្គឹល (Google) បានបញ្ចូលផែនទី និងរូបភាពប្រាសាទរបស់ខ្មែរចំនួនជាង ១០០ ទៅក្នុងកម្មវិធីថ្មីរបស់ខ្លួន ក្នុងបំណងជួយទាក់ទាញនិងបង្ហាញផ្លូវដល់អ្នកទេសចរ បរទេសជាច្រើនដែលមកទស្សនាកម្ពុជា។
៣-មេសា-២០១៤៖ រថយន្តក្រុមហ៊ុន ហ្គូហ្គឹល (Google)
បំពាក់កាមេរ៉ា ទំនើបថតយក រូបភាពនៅតាមប្រាសាទបូរាណ ខ្មែរក្នុងខេត្ត
សៀមរាប ដើម្បីបញ្ចូលទៅ ក្នុងគេហទំព័ររបស់ខ្លួន។
ប្រធានគ្រប់គ្រង ផ្នែកផលិតផែនទី ហ្គូហ្គឹល គឺលោក ម៉ានិក គូបតា (Manik Gupta)។ លោកបានថ្លែងប្រាប់ក្រុមអ្នកកាសែត ចម្រុះជាតិសាសន៍មកពី ច្រើនប្រទេសនៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសាថា គេហទំព័រ ហ្គូហ្គឹល (Google) បានបញ្ចូលរូបភាពចំនួន ៩ម៉ឺនសន្លឹក ដែលថតចេញពី ប្រាសាទខ្មែរចំនួន ១០០ នៅក្នុងខេត្តសៀមរាប។ បន្ថែមលើនេះ ហ្គូហ្គឹល (Google) ក៏បានបញ្ចូលផែនទី របស់ប្រទេសកម្ពុជា មួយចំនួនដែលមាន លក្ខណៈរស់រវើក។ ផែនទីទាំងនេះដើរ តួយ៉ាងសំខាន់សម្រាប់ជួយ និងផ្ដល់ព័ត៌មានឱ្យ អ្នកទេសចរបរទេសទាំងឡាយ ដែលមកទស្សនាកម្ពុជា។
លោក ម៉ានិក គូបតា៖ « កម្មវិធីនេះមាន សារសំខាន់យ៉ាងខ្លាំង ហើយក៏ជាគម្រោង ដ៏រំភើបមួយ សម្រាប់ពួកយើង។ ដើម្បីបង្កើតកម្មវិធីបញ្ចូលផែនទី និងបញ្ចូលរូបភាពនៃ ប្រាសាទបុរាណរបស់ខ្មែរ ទៅក្នុងគេហទំព័រ ហ្គូហ្គឹល (Google) ទៅបាន គឺយើងបានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងកិច្ចសហការជាមួយ ក្រសួងទេសចរណ៍ និងអាជ្ញាធរអប្សរា ទទួលបន្ទុកការពារ និង ថែរក្សាប្រាសាទនៅក្នុងខេត្តសៀមរាប »។
គេហទំព័រ ហ្គូហ្គឹល (Google) គឺមានមូលដ្ឋានធំនៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែក្រុមហ៊ុននេះមានទីស្នាក់ការជាច្រើននៅក្នុងបណ្ដាប្រទេសអឺរ៉ុបនិងអាស៊ី។
គម្រោងបញ្ចូលផែនទី និង រូបភាពនៃប្រាសាទ បុរាណខ្មែរជិត ១០ម៉ឺនសន្លឹកទៅ ក្នុងគេហទំព័រនេះ គឺហ្គូហ្គឹល បានចំណាយពេល វេលាធ្វើការជាច្រើនខែ ចាប់តាំងតែពីអំឡុងខែកក្កដា ឆ្នាំ២០១៣ មក។
អគ្គនាយករងអាជ្ញាធរអប្សរា លោក ឃួន ឃុននាយ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសំបូរ ទៅដោយវប្បធម៌រាប់ម៉ឺនប្រភេទ ហើយស្របពេលដែល ពិភពលោកកំពុងរីកចម្រើនផ្នែកបច្ចេកវិទ្យាផង គឺកាន់តែធ្វើឱ្យកម្ពុជា ងាយស្រួលក្នុងការផ្សព្វផ្សាយ មត៌កវប្បធម៌ទាំងនោះទៅ កាន់ពិភពលោក៕
ប្រភព ដោយ : VOA


