ឆ្នាំថ្មីនឹងចូលមកដល់ នៅថ្ងៃច័ន្ទ ទី១៤ ខែមេសា គ្រិស្ដសករាជ ២០១៤ វេលាម៉ោង ៨ និង ៧នាទីព្រឹក។ ទេវតាឆ្នាំថ្មីនេះ មានព្រះនាម គោរគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម។ ទេពធីតា គោរគៈទេវី ទ្រង់សោយ " ប្រេង " ជាអាហារ និងទ្រង់អម្ពរពណ៌លឿង។
បុណ្យចូលឆ្នាំជាពិធីបុណ្យ សំខាន់ចម្បងមួយរបស់ ប្រជាជាតិខ្មែរ។ បុណ្យចូលឆ្នាំនេះ ជាពិធីបុណ្យសម្រាប់ទទួលទេវតាថ្មីផង និងសម្រាប់រំឭកគុណសាច់សាលោហិត ដែលនៅរស់ផង ឯបុណ្យធំមួយទៀត គឺបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសម្រាប់ ឧទ្ទិសដល់ញាតិសន្តានដែល បានលាចាកលោកទៅហើយ។
ចូលឆ្នាំខ្មែរជាពិធីបុណ្យ ដ៏ធំមួយដែលប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើឡើងជាទៀតទាត់ ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យធំមួយទៀត ដែលប្រជាពលរដ្ឋខ្មែរតែងនាំ គ្នាប្រារព្ធធ្វើមិនដែល ខកខានជារៀងរាល់ឆ្នាំដែរនោះ គឺពិធីបុណ្យភ្ជុំបិណ្ឌ។ ក៏ប៉ុន្តែ ពិធីបុណ្យទាំងពីរនេះ មានគោលបំណង និងអត្ថន័យផ្សេងៗពីគ្នា។
ជាទូទៅ បុណ្យភ្ជុំបិណ្ឌត្រូវគេប្រារព្ធ ធ្វើនៅខែងងឹត គឺពីថ្ងៃទី១ រោច ដល់ថ្ងៃទី១៥ រោច ខែភទ្របទ។ គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសបញ្ជូនមគ្គផល កុសលផលបុណ្យដល់ឪពុកម្ដាយ បងប្អូនញាតិមិត្ត ជីដូនជីតា បុព្វការីជន ដែលបានចែកឋានទៅហើយ។ ឯបុណ្យចូលឆ្នាំវិញ គេប្រារព្ធឡើងដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីរំឭកគុណ ដល់មាតាបិតាបងប្អូនញាតិមិត្ត ឬជីដូនជីតា ដែលកំពុងរស់នៅមានជីវិតផង ជាពិសេសនៅថ្ងៃវ័នបត ដែលជាថ្ងៃទីពីរនៃឆ្នាំថ្មី កូនចៅនិយមជូនសម្លៀកបំពាក់ ប្រាក់កាសដល់អ្នកមានគុណ មានឪពុកម្ដាយជីដូនជីតា ជាដើម។ ចំណែកថ្ងៃទីបីជាថ្ងៃឡើងស័កវិញ អ្នកខ្លះនិយមនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប គឺជាការលាងសម្អាតព្រះពុទ្ធរូប ក៏ប៉ុន្តែអ្នកខ្លះ គេឆ្លៀតយកឱកាសនោះ ដើម្បីស្រង់ទឹកជូនឪពុកម្តាយ ជីដូនជីតា ដើម្បីបង្ហាញនូវកិច្ចតបស្នង សងគុណរបស់គេដល់អ្នកមានគុណ។
ម៉្យាងទៀត អ្នកខ្លះមានជំនឿថា ពិធីបុណ្យចូលឆ្នាំថ្មី ជាឱកាសមួយដែលអនុញ្ញាតអោយ គេជម្រះអំពើសៅហ្មងទាំងឡាយដែលកើតមានឡើងមួយ ឆ្នាំចាស់កន្លងទៅ។ ដូច្នេះហើយ បានជាគេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ខោអាវថ្មី គេដើរលេងអោយសប្បាយអស់កង្វល់ រួចទើបចាប់ផ្ដើមកសាងជីវភាពថ្មីក្នុងឆ្នាំថ្មី អោយបានជួបប្រទះ សុភមង្គលគ្រប់ប្រការ និងអាយុយឺនយូរតទៅមុខទៀត។
រៀងរាល់ឆ្នាំ ក្រុមអ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា ដោយផ្អែកលើក្បួនហោរាសាស្ត្របុរាណ ក៏បានធ្វើការទស្សន៍ទាយទំនាយប្រចាំឆ្នាំនីមួយៗដែរ។ បើតាមការទស្សន៍ទាយរបស់ក្រុមនេះ ឆ្នាំថ្មីឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ មានទំនាយប្រចាំឆ្នាំដូចតទៅ៖
- កេណ្ឌព្រះភិរុណសាស្ត្រ គឺការទាយទុកអំពីកម្រិតទឹកភ្លៀង ថាឆ្នាំនេះដើមឆ្នាំមានភ្លៀងល្អ កណ្ដាលឆ្នាំក៏មានភ្លៀងល្អ តែចុងឆ្នាំមានភ្លៀងតិច។
- កេណ្ឌធារាទិគុណ គឺការទាយទុកចំពោះអាកាសធាតុ ឆ្នាំនេះទំនាយថា មានធាតុអាកាសត្រជាក់។ ទំនាយទឹកទន្លេ ថាឆ្នាំនេះទឹកធំណាស់ ទឹកទន្លេមានច្រើនលើសអស់ឆ្នាំទាំងពួង។
- កេណ្ឌធញ្ញាហារ គឺការទាយទុកចំពោះដំណាំ និងភោគផល ឆ្នាំនេះទំនាយថា មានកេណ្ឌពីរ មានឈ្មោះថាវិបត្ត ស្រូវសំណាបស្រែចម្ការ និងកើតកិមិជាតិ (ដង្កូវ ក្រា ដង្កូវនាង មេអំបៅ សត្វល្អិតបំផ្លាញផលានុផល។ ផលដំណាំបានតែពាក់កណ្ដាលខូចខាតអស់។ ស្រុកទេសនឹងកើតកលិយុគ និរាសប្រាសចាកចោលគ្នាច្រើនលើកច្រើនសា។
- ទំនាយការធ្វើស្រែ ទំនាយថាស្រែដីទំនាបបានផលល្អ ចំណែកស្រែដីទួលមានផលល្មមសមគួរ។
- រីឯទំនាយតាមថ្ងៃ សង្ក្រាន្តទាំងបី ថ្ងៃវិញ មានដូចតទៅ៖
- ថ្ងៃចូលឆ្នាំទីមួយ ប៉ះចំថ្ងៃច័ន្ទ ទំនាយថា ជំទាវខុនណាង នឹងចាញ់ មានន័យថា អន់ខូចបុណ្យស័ក្តិអន់រាសី មន្ត្រី ជំទាវ ធ្វើអាក្រក់ធ្វើបាបគេ នឹងមានការតស៊ូរើបម្រះ។
- ទំនាយថ្ងៃវ័នបត គឺថ្ងៃទីពីរដែលប៉ះចំថ្ងៃអង្គារ វិញ ថាឆ្នាំនេះស្លាម្លូ ត្រីសាច់មានតម្លៃខ្ពស់ អាមាត្យមន្ត្រីនឹងខូចស័ក្ដិ ឬត្រូវក្តៅក្រហាយចិត្ត ជាច្រើន។
- ទំនាយថ្ងៃឡើងស័ក គឺថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃពុធ ទំនាយថា ឆ្នាំនេះរាជបណ្ឌិតបុរោហិត អាចារ្យ នឹងមានសេចក្តីសុខសម្រាន្តជាអនេក ប៉ុន្តែនឹងមានដង្កូវក្រា ស៊ីស្រូវបំផ្លាញដំណាំ។
បាទ! នេះ គឺជាទំនាយប្រចាំឆ្នាំនេះ ដែលគន់គូរដោយក្រុម ប្រជុំទំនៀមទម្លាប់ខ្មែរ។ ទោះជាមានការទស្សន៍ទាយយ៉ាងណា ក៏ដោយចុះខ្ញុំបាទ (www.Malis-Daily.com) សូមប្រសិទ្ធពរជ័យ ជូនលោកអ្នកនាងកញ្ញាទាំងអស់នៅគ្រប់ទិសទី ព្រមទាំងក្រុមគ្រួសារ អោយទទួលបាននូវសុខភាពល្អ និងសេចក្តីសុខក្សេមក្សាន្តក្នុងឆ្នាំថ្មីនេះ និងឆ្នាំខាងមុខៗទៀត៕
ប្រភព ដោយ : RFI

